អត្ថប្រយោជន៍សំខាន់ៗនៃការប្រើប្រាស់សេវារបស់ Google
Posted on Wednesday, August 10, 2011
|
TanaChhim
Google ត្រូវបានបង្កើតឡើងនាដើមឆ្នាំ ១៩៩៦ ដោយលោក Larry Page និង លោក Sergey Brin ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Standford ដោយបំដូងឡើយត្រូវបានគេដាក់ឈ្មោះថា “BackRub” ។ នៅឆ្នាំ ១៩៩៨ ពួកគាត់ទាំង ២ នាក់បានប្តូរឈ្មោះវាមកថា Google ដែលយើងទាំងអស់គ្នាប្រើប្រាស់សព្វថ្ងៃនេះ។
ប៉ុន្តែ រហូតមកដល់ពេលនេះមានមនុស្សមិនច្រើនប៉ុន្មានឡើយដែលបានដឹងអំពី អត្ថប្រយោជន៍សំខាន់ៗមួយចំនួនដែលអាចជួយសំរួលដល់ការងារ និងជីវិតប្រចាំថ្ងៃរបស់យើង។ លោក Larry Page បានមានប្រសាសន៍នេះពេលថ្មីៗនេះថាលោកមានបំណងធំមួយគឺចង់ឱ្យ លោកអ្នកប្រើប្រាស់សេវាកម្មរបស់ Google ដូចជាការដុសធ្មេញអញ្ចឹងដែរគឺយ៉ាងហោចណាស់ក៏បាន ២ ដងក្នុងមួយថ្ងៃ។
ខាងក្រោមនេះជាសេវាកម្មសំខាន់ៗទាំងនោះ
1. ស្វែងរកទិន្នន័យ និង ព័ត៌មានតាម Google
អ្នករាល់គ្នាប្រាកដជាធ្លាប់បានប្រើប្រាស់សេវានេះហើយ ព្រោះវាបានបង្កភាពងាយស្រួលដល់យើងបានច្រើនអណេក។ សេវាកម្មមួយនេះគឺជាសេវាកម្មធំបំផុតរបស់ Google ដែលផ្តោតទៅលើការស្វែករកទិន្នន័យ និងព័ត៌មាននានានៅលើប្រព័ន្ធអ៊ីនធឺណេត ទូទាំងពិភពលោក។ សព្វថ្ងៃនេះ Google ឈរលំដាប់ទីមួយក្នុងចំនោមវេបសាយ និងសេវាស្វែងរកទិន្នន័យនៅលើពិភពលោក។
2. អ៊ីម៉ែលរបស់ Google ឬហៅថា GMail:
Gmail គឺជាសេវាកម្មចំបងមួយរបស់ Google ផងដែរ វាបានបង្កលក្ខណៈងាយស្រួលយ៉ាងខ្លាំងសំរាប់អ្នកប្រើប្រាស់ ព្រោះវាដំណើរការបានលឿននិងមានទំហំផ្ទុកឯកសារធំជាងគេក្នុង សេវាកម្មអ៊ីម៉ែលដូចគ្នា គឺថាមានទំហំដល់ទៅជាង 7GB ។ មិនតែប៉ុណ្ណោះទេវាមាន Google Talk ដែលអាចឱ្យយើងជជែកកំសាន្តជាមួយមិត្តភក្តិ បងប្អូន -ល- ជាមួយនឹងសំលេងច្បាស់ល្អ។ បច្ចុប្បន្ននេះដើម្បីប្រើប្រាស់សេវាផ្សេងៗរបស់ Google លោកអ្នកចាំបាច់មានគណនី Gmail មួយសិន ដូចជា YouTube ឬ Google+ និង iGoogle ជាដើម។
3.Google Docs: កន្លែងផ្ទុកឯកសារនៅលើអ៊ីនធឺណេត
ចំពោះ សេវាកម្មមួយនេះគឺពិតជាមានអត្ថប្រយោជន៍មែនទែន ព្រោះវាអនុញ្ញាតឱ្យយើងផ្ទុកឯកសាររបស់យើងបានរហូតដល់ទៅ 1GB ឯណោះ។ កាន់តែពិសេសជាងនេះទៅទៀតគឺវាអាចឱ្យយើងបើកមើលនិងកែឯកសារជា Word, Excel, Powerpoint, Form បានយ៉ាងងាយស្រួល ដោយមិនចាំបាច់ភ័យខ្លាចរឿងបាត់បង់ឯកសារនៅក្នុងកុំព្យូទ័រដោយ ប្រការណាមួយឡើយ ហើយយើងអាចបើកមើលវាបានគ្រប់ទីកន្លែងទូទាំងពិភពលោក ឱ្យតែមានអ៊ីនធឺណិត។
4. Google Chrome: កម្មវិធីសំរាប់បើកមើលវេបសាយផ្សេងៗ
Google Chrome គឺជា Web Browser ថ្មីមួយរបស់ក្រុមហ៊ុន Google ដែលគេប្រើជាលក្ខណៈ WebKit Layout។ គេបានបង្កើតវាសំរាប់ Microsoft Windows ដំបូងគេនៅ ថ្ងៃទី 02 ខែ កញ្ញា ឆ្នាំ 2008 និងដាក់ឱ្យប្រើប្រាស់ជាសាធារណៈនៅថ្ងៃ 11 ទី ខែធ្នូ ឆ្នាំ 2008 ។ លក្ខណៈពិសេសរបស់វានោះគឺថាវាមានល្បឿនលឿនសំរាប់រាល់ដំណើរការ របស់ម៉ាស៊ីនកុំព្យូទ័រ និងថែមទាំងមានកម្មវិធី និងហ្គេម ល្អៗ នៅក្នុងទីផ្សាររបស់វាផងដែរ។ បច្ចុប្បន្ននេះវាគ្រប់ដណ្តប់ទីផ្សារ Browser បានចំនួន 20.65% ទូទាំងពិភពលោក។
5. Google News: ព័ត៌មានជុំវិញពិភពលោកជាមួយ Google
ក្នុងចំណោមប្រព័ន្ធ ព័ត៌មានធំៗនៅលើពិភពលោក Google News ទទួលបានការគាំទ្រយ៉ាងខ្លាំង ព្រោះមានព័ត៌មានថ្មីៗទាន់ហេតុការណ៍ជុំវិញពិភពលោក និងមានប្រមាណជា 50 ភាសាទូទាំងពិភពលោក។ លោកអ្នកអាចចូលទៅមើលព័ត៌មាននេះដោយចុចតាមវេបសាយ www.news.google.com
6. YouTube: វេបសាយបើកមើល និងផ្ទុកវីដេអូលើអ៊ីនធឺណេត
YouTube គឺជាវេបសាយសំរាប់ចែកចាយវីដេអូដែលពេញនិយមបំផុតក្នុងពិភពលោក ព្រោះលោកអ្នកអាច upload និង download វីដេអូបានក្នុងគូណភាពខ្ពស់ និងដោយសេរីជាពិសេស វីដេអូខ្លីៗ ចំរៀងវីដេអូល្បីៗ និងឈុតឆាកខ្សែភាពយន្តជាដើម។
7. iGoogle: សេវាកម្មសំរាប់បើកមើលចំណងជើងព័ត៌មានបានលឿននិងចំណេញពេលវេលា
សំរាប់ លោកអ្នកខ្លះប្រហែលជាមិនធ្លាប់បានលឺនិងដឹងអំពី iGoogle ទេមើលទៅ ព្រោះវាហាក់បីដូចជាមិនសូវសំខាន់ ក៏ប៉ុន្តែតាមពិតទៅវាមានអត្ថប្រយោជន៍សំរាប់លោកអ្នកដែលចង់ កាត់បន្ថយការចំណាយពេលវេលាក្នុងការបើកមើលវេបសាយព័ត៌មានផ្សេងៗ ម្តងមួយៗ។ វាមានលក្ខណៈពិសេសត្រង់ថាលោកអ្នកអាចបើកមើលចំណងជើងអត្ថបទព័ត៌មាន បានច្រើនវេបសាយ ក្នុងពេលតែមួយ នោះលោកអ្នកនឹងអាចច្រោះយកព័ត៌មានណាដែលពេញចិត្ត និងចំណេញពេលវេលា។ ម្យ៉ាងវិញទៀតវាមានកន្លែងសំរាប់មើលប្រតិទិន និងព្យាករណ៍អាកាសធាតុ ក៏ដូចជា Inbox អ៊ីម៉ែលរបស់អ្នកបានទៀតផង។
8. Google+
Google+ គឺជាសេវាបណ្តាញសង្គមមួយដែលទើបតែលេចចេញរូបរាងឡើងនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១១ នេះ។ គោលបំណងរបស់គេគឺចង់ឱ្យអ្នកប្រើប្រាស់អាចចែករំលែកព័ត៌មាន មតិ ការកំសាន្តរវាងគ្នានឹងគ្នាបានលឿននិងងាយស្រួល។ លើសពីនេះទៅទៀតគឺដើម្បីប្រណាំងប្រជែងជាមួយ Facebook តែម្តង។ លក្ខណៈពិសេសរបស់វាមានដូចជា +Circles, +Sparks,+Hangouts, +Mobile and +Huddle សុទ្ធតែជួយអ្នកប្រើប្រាស់បង្កើនទំនាក់ទំនងបានស្រួលជាងមុន។